Breton: Gospels

Khmer

1 Corinthians

13

1ទោះបី ខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និង ភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬ ដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។
2ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និង ស្គាល់គំរោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើអោយភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
3ទោះបីខ្ញុំយកទ្រព្យសម្បត្ដិ របស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដអោយគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
4អ្នកមានចិត្ដស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតបំប៉ាងឡើយ។
5អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ
6មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។
7អ្នកមានចិត្ដស្រឡាញ់ អត់ឱនអោយទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ហើយទ្រំាទ្រទាំងអស់។
8សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចំឡែកអស្ចារ្យ នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។
9សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។
10លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។
11កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលជាលក្ខណៈរបស់កូនក្មេងចោល។
12សព្វថ្ងៃនេះយើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
13ឥឡូវនេះមានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។