1ក្រុមសាវ័ក និង បងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។
2កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖
3«លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
4លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖
5«កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន ខ្ញុំលង់ស្មារតីនិមិត្ដឃើញវត្ថុម៉្យាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។
6ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និង បក្សាបក្សី។
7ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញំថាៈ "ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!"។
8ប៉ុន្ដែ ខ្ញុំទូលទៅវិញថាៈ "ទេព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ ហាមឃាត់ ឬ មិនបរិសុទ្ធ ទាល់តែសោះ"។
9ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថាៈ "អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!"។
10ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។
11ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាអោយមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។
12ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំអោយចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។
13លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវតាមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថាៈ "សុំលោកចាត់មនុស្សអោយទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស
14គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះអោយលោក និង ក្រុមគ្រួសាររបស់លោកទាំងមូល"។
15នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។
16ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា "លោកយ៉ូហានបានធ្វើពិធីជ្រមុជអោយគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ"។
17ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។
18កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់ប្រោសប្រទានអោយគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។
19ក្រោយពីជនជាតិយូដាបាន សម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើអោយអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និង អ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀតក្រៅពីសាសន៍យូដាឡើយ។
20ក៏ប៉ុន្ដែ មានអ្នកជឿខ្លះពីកោះគីប្រុស និង ពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។
21ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកព្រះអម្ចាស់ផង។
22ក្រុមជំនុំ នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះក៏ចាត់លោកបារណាបាស អោយទៅក្រុងអន់ទីយ៉ូក។
23ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាអោយប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។
24លោកបារណាបាសជាមនុស្សម្នាក់មានចិត្ដសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។
25បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។
26កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស ជាលើកទីមួយថា «គ្រិស្ដបរិស័ទ»។
27នៅគ្រានោះ មានពួកព្យាការី ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។
28ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿអោយដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែនគឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស )។
29ពួកសិស្ស នាំគ្នាសំរេចចិត្ដផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។
30គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និង លោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ ។