1លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ដ រួចជំរាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។
2លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្ដអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក
3ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សំរេចចិត្ដវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។
4អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និង លោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និង លោកត្រូភីមជាអ្នកស្រុកអាស៊ីផង។
5បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស
6ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីព ទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេរួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7នៅថ្ងៃទីមួយក្នុងសបា្ដហ៍នោះ យើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
9ពេលលោកប៉ូល កំពុងតែមានប្រសាសន៍ យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុសអង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។
10លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភអោយសោះ គាត់នៅរស់ទេ!»។
11កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំបុ័ង និង បរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្ដទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។
12គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្ដឥតឧបមា។
13រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុសដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។
14កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
15យើងបានចេញពីទីនោះ បន្ដដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀតយើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។
16លោកប៉ូលសំរេចចិត្ដមិនចូលក្រុងអេភេសូទេ ដើម្បីកុំអោយយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម អោយទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
17លោកប៉ូលបានចាត់គេពីក្រុងមីលេត អោយទៅអញ្ជើញពួកព្រឹទ្ធាចារ្យ នៃក្រុមជំនុំ នៅក្រុងអេភេសូមក។
18លុះគេបានមកដល់ហើយលោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅ ដល់ស្រុកអាស៊ីម៉្លេះ
19គឺខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្ដសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដា បានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
20ខ្ញុំបានជំរាប និង បង្រៀនបងប្អូន តាមទីសាធារណៈ និង តាមផ្ទះនូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
21ខ្ញុំបានធ្វើជាបន្ទាល់អោយទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកព្រះជាម្ចាស់ និង មានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
22ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្ដខ្ញុំអោយធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ
23គឺខ្ញុំគ្រាន់តែដឹង តាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចងហើយនឹងត្រូវរងទុក្ខវេទនា។
24ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ អោយតែខ្ញុំបានបង្ហើយមុខងារ និង សំរេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានអោយខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អ នៃព្រះគុណរបស់ព្រះជាម្ចាស់។
25ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្ដែ ឥឡូវនេះខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
26ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពអោយបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាសមិនមែនមកពីកំហុសរបស់ខ្ញុំទេ
27ដ្បិតខ្ញុំបានជំរាបបងប្អូន អំពីគំរោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
28ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និង ថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់អោយបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីអោយបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
29ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្ដសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ
30ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សអោយទៅតាមគេទៀតផង។
31ហេតុនេះ សូមបងប្អូនប្រុងស្មារតីអោយមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿន បងប្អូនគ្រប់ៗរូបទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
32ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេ ដែលអាចកសាងបងប្អូនឡើង ជាក្រុមជំនុំ ព្រមទាំងអោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។
33ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬ សម្លៀកបំពាក់អ្វីពីនរណាឡើយ។
34បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និង សេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
35ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់អោយបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបំរុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថាៈ "បើអោយ នោះនឹងបានសុភមង្គលច្រើនជាងទទួល"»។
36លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។
37ពួកព្រឹទ្ធាចារ្យទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបលោកទៀតផង
38ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថាគេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរលោករហូតដល់សំពៅ។