Breton: Gospels

Khmer

Acts

28

1កាលបានរួចជីវិតហើយយើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។
2អ្នកកោះនោះបានទទួលយើង ដោយចិត្ដសប្បុរសរកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។
3លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកំដៅភ្លើង ហើយចឹកដៃលោកជាប់។
4កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកអោយគាត់នៅរស់រានមានជីវិតដែរ»។
5លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។
6អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬ ក៏ត្រូវដាច់ខ្យល់ ស្លាប់។ ប៉ុន្ដែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។
7នៅជិតនោះ មានដីមួយ កន្លែង ដែលជាកម្មសិទ្ធរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងអោយស្នាក់នៅ យ៉ាងរាក់ទាក់ចំនួនបីថ្ងៃ។
8ឪពុករបស់លោកពូព្លាសសំរាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ ពីលើ និង ប្រោសគាត់អោយបានជា។
9អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
10ពួកគេបានសំដែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
11បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។
12លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះ បីថ្ងៃ។
13បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រ ទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់ មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។
14នៅក្រុងនោះ យើងបាន ជួបពួកបងប្អូន គេអញ្ជើញយើងអោយស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្ដដូចតទៅៈ
15ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និង ភូមិផ្ទះសំណាក់បីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្ដក្លាហានឡើងវិញ។
16លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតអោយលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្ដលោក តែគេដាក់ទាហានម្នាក់អោយនៅយាមលោក។
17បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាអោយមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬ ក៏ទាស់នឹងប្រពៃណីបុព្វបុរស យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និង បញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
18កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញព្រោះគេពុំឃើញខ្ញុំមាន កំហុសអ្វីគួរនឹងមានទោសដល់ជីវិតនោះឡើយ។
19ប៉ុន្ដែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំអោយខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។
20ហេតុនេះហើយបានជាខ្ញុំសុំជួប និង សុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល »។
21អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដា ស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬ និយាយអាក្រក់ពីលោកដែរ។
22យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោកព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
23គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និង ធ្វើជាបន្ទាល់អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និង គម្ពីរព្យាការី មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។
24មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។
25ដោយពួកគេចាកចេញពីទីនោះទៅ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖
26ចូរទៅរកប្រជារាស្ដ្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែនតែពុំយល់ទេ អ្នករាល់គ្នាមើលមែនតែពុំឃើញទេ
27ដ្បិតចិត្ដរបស់ប្រជារាស្ដ្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំអោយមើលឃើញកុំអោយស្ដាប់ឮ និង ដើម្បីកុំអោយយល់ ហើយក៏មិនចង់កែប្រែចិត្ដគំនិតដែរ ក្រែងលោយើងប្រោសគេអោយបានជា»។
28ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គអោយសាសន៍ដទៃវិញព្រោះគេមុខជាស្ដាប់មិនខាន។
29កាលលោកប៉ូលមានប្រសាសន៍ដូច្នេះ ហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង។
30លោកប៉ូល បានស្នាក់នៅផ្ទះ ដែលលោកបានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។
31លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និង បង្រៀនគេអំពីព្រះយេស៊ូគ្រិស្ដ ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។