1លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំនុំ នៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និង ស្រុកសាម៉ារី។
2អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និង យំសោកយ៉ាងខ្លាំងទៀតផង។
3រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំដោយចូលពីផ្ទះមួយ ទៅផ្ទះមួយ ចាប់ពួកអ្នកជឿ ទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
4ពួកសិស្ស ដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ អំពីព្រះបន្ទូល។
5លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ដ ។
6មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និង បានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ
7គឺមានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើនទាំងស្រែកខ្លាំងៗ និង មានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។
8ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលប់។
9មានបុរសម្នាក់ ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះតាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្ដអាគម ធ្វើអោយប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយរូប។
10ប្រជាជនទាំងតូចទាំងធំពេញចិត្ដនឹងគាត់គ្រប់ៗគ្នាគេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលជាឫទ្ធានុភាពដ៏ឧត្ដុង្គឧត្ដម»។
11ប្រជាជនពេញចិត្ដនឹងគាត់ដូច្នេះ ព្រោះគាត់បានសំដែងមន្ដអាគមអោយគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
12កាលគេជឿដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ និង អំពីព្រះនាមព្រះយេស៊ូគ្រិស្ដ ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។
13លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និង ការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
14ក្រុមសាវ័ក នៅក្រុងយេរូសាឡឹម បានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និង លោកយ៉ូហានអោយទៅជួបអ្នកទាំងនោះ។
15លុះទៅដល់ស្រុកសាម៉ារី សាវ័ក ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំអោយពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
16ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។
17ពេលនោះលោកពេត្រុស និង លោកយ៉ូហានបានដាក់ដៃ លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
18កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័ក ដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖
19«សូមលោកប្រគល់អោយខ្ញុំមានអំណាចនេះផង ដើម្បីអោយខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។
20លោកពេត្រុសតបទៅគាត់វិញថា៖«ចូរអោយប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន!
21អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។
22ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសអោយអ្នកដែលមានចិត្ដបែបនេះ
23ដ្បិតខ្ញុំឃើញថាអ្នកមានចិត្ដខ្មៅហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។
24លោកស៊ីម៉ូនតបទៅវិញថា៖«សូមលោកទូលអង្វរព្រះអម្ចាស់អោយខ្ញុំផង ដើម្បីកុំអោយមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
25ក្រោយពីបានផ្ដល់សក្ខីភាព និង ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិល ត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។
26ទេវតា របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោក ឡើងចេញដំណើរទៅ។
27នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូបជាមនុស្សកម្រៀវ លោកជាមន្ដ្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម
28ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះទាំងអានគម្ពីរព្យាការី អេសាយផង។
29ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
30លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគម្ពីរព្យាការីអេសាយលោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
31លោកមន្ដ្រីតបមកវិញថា៖«ធ្វើម្ដេចអោយខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
32រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ "លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។
33លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្ដិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកបានទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ"។
34មន្ដ្រីនោះសួរលោកភីលីពថា៖«សូមប្រាប់ខ្ញុំផងតើព្យាការី មានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬ មានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។
35លោកភីលីពក៏ជំរាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។
36លោកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនអោយទទួលពិធីជ្រមុជទឹក!»។
37លោកភីលីពមានប្រសាសន៍ទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
38លោកបញ្ជា អោយគេបញ្ឈប់រទេះសេះ។ លោកមន្ដ្រី និង លោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ដ្រីនោះ។
39កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។
40រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ រហូតទៅដល់ក្រុងសេសារា។