1ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ
2ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្ដយេស៊ូ បានរំដោះខ្ញុំអោយរួចផុតពីបាប និង ពីសេចក្ដីស្លាប់។
3ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើអោយក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសំរេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ អោយយាងមក មាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាបដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែលជាមនុស្ស។
4ព្រះអង្គធ្វើដូច្នេះដើម្បីប្រោសយើងអោយបានសុចរិត ស្របតាមការតំរូវរបស់ក្រឹត្យវិន័យ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ
5ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។
6ការគិតខាងលោកីយ៍នាំអោយស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំអោយមានជីវិត និង សេចក្ដីសុខសាន្ដវិញ
7ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។
8អស់អ្នកដែលរស់នៅក្នុងនិស្ស័យលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ។
9ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។
10ប្រសិនបើព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតអោយបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនអោយបានសុចរិត។
11ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញទ្រង់ក៏នឹងប្រទានអោយរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
12ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម៉្យាងតែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។
13ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍បងប្អូនមុខតែមានជីវិត
14ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។
15បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាខ្ញុំបំរើហើយអោយនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា«អ័ប្បា!» ឱព្រះបិតា!
16គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពអោយវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
17ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រិស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
18ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សំដែងអោយយើងឃើញ នៅអនាគតកាលនោះបានឡើយ។
19អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមកកំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ
20ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យតែមិនមែនដោយចិត្ដឯងទេ គឺព្រះជាម្ចាស់បានតំរូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា
21ព្រះអង្គនឹងលោះអោយរួចផុតពីវិនាសអន្ដរាយ ដើម្បីអោយមានសេរីភាព និង សិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។
22យើងដឹងហើយថា មកទល់ថ្ងៃនេះពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និង ឈឺចុកចាប់ដូចជាស្ដ្រីដែលហៀបនឹងសំរាលកូន។
23មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយទៅជាបុត្ររបស់ព្រះអង្គ និង លោះរូបកាយយើងទាំងស្រុងដែរ
24ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបាន អ្វីដែលយើងសង្ឃឹមចង់បាននោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។
25ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។
26យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន ដូចម្ដេច ដើម្បីអោយបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរអោយយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។
27រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្ដមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរអោយប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
28យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើងដើម្បីអោយអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគំរោងការរបស់ព្រះអង្គ
29ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនអោយមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីអោយព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
30អស់អ្នកដែលព្រះអង្គបានតំរូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសអោយគេបានសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសអោយបានសុចរិត ទ្រង់ក៏ប្រទានអោយគេមានសិរីរុងរឿងដែរ។
31បើដូច្នេះតើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
32ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសំរាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយព្រះបុត្រានោះដែរ។
33តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេអោយបានសុចរិតហើយនោះ?
34តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយជាពិសេសទ្រង់មានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដំាព្រះបិតា និង ទូលអង្វរអោយយើងដូច្នេះ?
35តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបាន? ទុក្ខវេទនា ឬ ការតប់ប្រមល់ អន្ទះអន្ទែងការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
36ដូចមានចែងទុកមកថាៈ ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ យកទៅសម្លាប់។
37ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។
38ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា ក្ដី វត្ថុសក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដីអំណាចនានាក្ដី
39អ្វីៗដែលនៅស្ថានលើក្ដី នៅស្ថានក្រោមក្ដី ឬ អ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្ដី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសំដែងអោយយើងឃើញ ក្នុងព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។