1បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។2បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។3ហេតុនេះ ខ្ញុំសូមជំរាបបងប្អូនអោយដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់» បានដែរ។4មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានអោយ។5មានមុខងារផ្សេងៗពីគ្នា តែយើងបំរើព្រះអម្ចាស់តែមួយព្រះអង្គដដែល។6មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។7ព្រះវិញ្ញាណប្រោសប្រទានអោយម្នាក់ៗសំដែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម8គឺព្រះអង្គប្រទានអោយម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះនិយាយ ដោយយល់គំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។9ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះប្រោសមនុស្សអោយជាពីជំងឺ10អោយម្នាក់ទៀតចេះធ្វើការអស្ចារ្យ អោយម្នាក់ទៀតចេះថ្លែង ព្រះបន្ទូល អោយម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬ អាក្រក់ អោយម្នាក់ទៀតចេះនិយាយភាសាចំឡែកអស្ចារ្យ អោយម្នាក់ទៀត ចេះបកប្រែន័យភាសាទាំងនោះ11ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានអោយម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។12ព្រះគ្រិស្ដ ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។13យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។14រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។15បើជើងនិយាយថា «ខ្ញុំមិនមែនដៃដូច្នេះខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។16បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។17ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?18តាមពិត ព្រះជាម្ចាស់ប្រទានអោយសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។19ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?20តាមពិត សរីរាង្គមានច្រើនតែរូបកាយមានតែមួយប៉ុណ្ណោះ។21ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។22ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់23ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។24រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការអោយយើងយកចិត្ដទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត25ដើម្បីកុំអោយមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺអោយសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។26ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។27បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។28ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងអោយមានសាវ័ក បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ ។29តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?30តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទាន ខាងនិយាយភាសាចំឡែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចំឡែកអស្ចារ្យឬ?31ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។