1ដោយយើងពុំអាចទ្រាំតទៅទៀតបានយើង ក៏សំរេចចិត្ដស្នាក់នៅក្រុងអាថែន តែគ្នាយើង2ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើងដែលធ្វើការរួមជាមួយព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អ របស់ព្រះគ្រិស្ដ អោយមកជួយពង្រឹង និង ដាស់តឿនបងប្អូនអោយមានជំនឿរឹងប៉ឹងឡើង3ដើម្បីកុំអោយមាននរណាម្នាក់ធ្លាក់ទឹកចិត្ដ ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតំរូវអោយយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។4កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជំរាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។5ហេតុនេះ ដោយខ្ញុំពុំអាចទ្រំាតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេអោយមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលអោយការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។6ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញ យ៉ាងខ្លាំងដូចយើងចង់ជួបបងប្អូនដែរ។7ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើអោយចិត្ដ យើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្ដគ្រប់យ៉ាង និង មានទុក្ខវេទនាយ៉ាងណាក្ដី។8ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។9យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើអោយយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើង។10ទាំងយប់ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្ដាប្រោសអោយបានឃើញមុខបងប្អូន ព្រមទាំងប្រទានអោយជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។11សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូជាអម្ចាស់នៃយើងទ្រង់រៀបចំផ្លូវអោយយើងមករកបងប្អូន។12សូមព្រះអម្ចាស់ប្រទានអោយបងប្អូនមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក និង ស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗ ជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។13សូមព្រះអង្គប្រទានអោយចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹងអោយបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!