Khmer

2 Corinthians

11

1សូមបងប្អូនអត់អោនអោយខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលាសូមអត់អោនអោយខ្ញុំផង!2ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូនដោយចិត្ដប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន អោយធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅថ្វាយព្រះគ្រិស្ដ ។3ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និង ចិត្ដបរិសុទ្ធ ចំពោះព្រះគ្រិស្ដយ៉ាងនោះដែរ4ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬ មួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬ ក៏ដំណឹងល្អ ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនអោយគេយ៉ាងស្រួលៗ។5ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ6ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហាក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញអោយបងប្អូនឃើញ ក្នុងគ្រប់វិស័យ និង គ្រប់ពេលវេលាស្រាប់ហើយ។7ពេលខ្ញុំប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួនដើម្បីអោយបងប្អូន បានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះបានសេចក្ដីថាខ្ញុំធ្វើខុសឬ?។8ខ្ញុំបានទទួលប្រាក់ពីក្រុមជំនុំ ឯទៀតៗធ្វើអោយគេខ្វះខាតខ្លះៗ ដើម្បីបំរើបងប្អូន។9ពេលខ្ញុំនៅជាមួយបងប្អូនបើខ្ញុំខ្វះខាតអ្វីៗខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាង កុំអោយខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។10ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់ព្រះគ្រិស្ដនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។11ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។12ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំអោយអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះអាចរកលេសបានសោះឡើយ។13ជនប្រភេទនោះ សុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ ។14ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ សាតាំងផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។15ដូច្នេះ បើពួកអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតនោះ គ្មានអ្វីចំឡែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ដជាមិនខាន។16ខ្ញុំសូមបញ្ជាក់ម្ដងទៀតថាកុំអោយនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកអោយខ្ញុំលេលាទៅចុះដើម្បីអោយខ្ញុំអាចអួតខ្លួនបន្ដិចដែរ។17សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។18ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ!19បងប្អូនជាមនុស្សដឹងខុសត្រូវតែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន20គឺទ្រាំទ្រអោយគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និង អោយគេទះកំផ្លៀងផង។21ខ្ញុំសូមជំរាបថា គួរអោយខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ ក៏ប៉ុន្ដែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។22អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ!23អ្នកទាំងនោះជាអ្នកបំរើរបស់ព្រះគ្រិស្ដ ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបំរើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។24ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ ចំនួនប្រាំដង។25គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។26ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។27ខ្ញុំបានធ្វើការទាំងនឿយលំបាក និង ត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារត្រូវរងា និង ខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។28លើសពីនេះទៅទៀតខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ!29ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់!30ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។31ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។32កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាស បានដាក់ទាហានអោយយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ33ប៉ុន្ដែគេបានដាក់ខ្ញុំក្នុងជាលមួយសំរូតចុះតាមបង្អួចកំពែងហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក។