Khmer

2 Corinthians

9

1ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធ នោះមិនបាច់អោយខ្ញុំសរសេរជំរាបបងប្អូនទេ2ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន អោយមានចិត្ដស្ទុះស្ទាឡើង។3ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីអោយឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។4ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខបងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។5ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំអោយបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះអោយបានរួចរាល់។ ការនេះ សអោយឃើញថាបងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។6សូមចងចាំថាអ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។7ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសំរេចចិត្ដ ដោយមិននឹកស្ដាយ ឬ ទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។8ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាង ដល់បងប្អូន ដើម្បីអោយបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សំរាប់ចែកទានផង9ដូចមានចែងទុកមកថាៈ «ព្រះអង្គចែក ព្រះអង្គប្រទានអោយអ្នកក្រ សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ»។10ព្រះអង្គដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និង ប្រទានចំណីអាហារអោយគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជអោយបងប្អូន និង អោយគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើអោយសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។11ព្រះអង្គនឹងធ្វើអោយបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីអោយបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និង អោយអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ដោយយើងជួយគេ12ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេអោយអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។13ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសំដែងអោយគេឃើញថា បងប្អូនពិតជាប្រតិបតិ្ដតាមដំណឹងល្អ របស់ព្រះគ្រិស្ដដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និង ជាមួយមនុស្សទាំងអស់។14គេទូលអង្វរព្រះជាម្ចាស់អោយបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។15សូមអរព្រះគុណព្រះជាម្ចាស់ ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គ រកថ្លែងពុំបាន។