Khmer

2 Peter

2

1កាលពីសម័យដើម មានព្យាការី ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលអោយវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ដែលបានលោះគេអោយរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។2មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្ដអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។3ពួកគេនឹងបោកប្រាសបងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ ព្រះអង្គបានកាត់ទោសពួកគេតាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ4ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា ដែលប្រព្រឹត្ដអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃំាងនៅទីនោះរង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។5ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើអោយទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះអោយនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត នោះផង។6ព្រះអង្គបានដាក់ទោសក្រុងសូដុម និង ក្រុងកូម៉ូរ៉ា អោយរលាយទៅជាផេះទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។7ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត ព្រោះគាត់ព្រួយចិត្ដដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។8រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានក្រំគ្រាក្នុងចិត្ដដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។9យ៉ាងនេះហើយ ដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ អោយរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សំរាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក10ជាពិសេសព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។11សូម្បីតែទេវតា ដែលមានកម្លាំង និង ឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតានៅមុខព្រះជាម្ចាស់ដែរ។12រីឯអ្នកទាំងនោះវិញពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសំរាប់តែជាប់អន្ទាក់ និង ត្រូវវិនាសអន្ដរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។13អ្នកប្រព្រឹត្ដអំពើទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ដ។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្ដកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្ដចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។14គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និង ប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។15ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាមជាកូនរបស់លោកបេអ៊រ និង ជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលអោយប្រព្រឹត្ដអំពើទុច្ចរិត។16ប៉ុន្ដែ ព្យាការី នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំអោយប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។17អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬ ពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។18គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។19ពួកគេសន្យាថានឹងផ្ដល់សេរីភាពអោយអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្ដរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។20ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយអោយអំពើសៅហ្មងនេះ មានអំណាចរួបរឹត និង ដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ ជាងមុនទៅទៀត។21គួរកុំអោយអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងអោយស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។22ហេតុការណ៍ដែលកើតមានដល់គេនេះ សអោយឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែរមែងតែងតែវិលទៅរកកំអួតរបស់វាវិញជ្រូកដែលទើបនឹងលាងស្អាតក៏រមែងតែងតែវិលទៅននៀលភក់វិញដែរ»។