Khmer

2 Thessalonians

3

1នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានអោយយើងផង ដើម្បីអោយព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និង បានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។2សូមអធិស្ឋានអោយយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។3ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានអោយបងប្អូនមានជំហររឹងប៉ឹង និង ការពារបងប្អូនកុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។4នៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ យើងទុកចិត្ដបងប្អូនថា បងប្អូនតែងតែប្រព្រឹត្ដតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្ដតាមតទៅមុខទៀតដែរ។5សូមព្រះអម្ចាស់ដឹកនាំចិត្ដគំនិតបងប្អូន អោយស្រឡាញ់ព្រះជាម្ចាស់ និង មានចិត្ដស៊ូទ្រាំដែលព្រះគ្រិស្ដប្រទានអោយ។6បងប្អូនអើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញអោយឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។7បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតំរាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ8យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំអោយនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។9ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងអោយគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះទុកជាគំរូអោយបងប្អូនយកតំរាប់តាម10ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។11យើងបានឮដំណឹងថាមានអ្នកខ្លះក្នុងចំណោមបងប្អូនរស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។12យើងសូមទូន្មាន និង សូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមអញ្ជើញធ្វើការអោយបានស្រួលបួលឡើង និង បរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។13ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្ដអំពើល្អកុំរសាយចិត្ដឡើយ។14បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុកហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីអោយគាត់ខ្មាសគេ15ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។16សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការ មកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!17ពាក្យសួរសុខទុក្ខនេះខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះ ក្នុងគ្រប់លិខិតខ្ញុំសរសេរដូច្នេះ។18សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយ ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង!