1នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូចរ៉ូមុំាងមួយ ឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។2គាត់ និង ក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និង កោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនអោយប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។3ថ្ងៃមួយប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្ដឃើញទេវតា មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។4លោកកូនេលាសសំឡឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរព្រះអង្គមិនភ្លេចទេ។5សុំលោកចាត់គេអោយទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។6គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។7កាលទេវតា ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបំរើពីរនាក់ និង ទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះអោយចូលមក។8លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់អោយទៅក្រុងយ៉ុបប៉េ។9នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន នៅលើដំបូលផ្ទះ។10ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី11និមិត្ដឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម៉្យាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុង ជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។12នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និង បក្សាបក្សី។13មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។14ប៉ុន្ដែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬ មិនបរិសុទ្ធ ទាល់តែសោះ»។15បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះ ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថា វិន័យហាមឃាត់នោះឡើយ!»។16ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។17លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់អោយមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។18គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។19ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក20ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេអោយមក»។21លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖«ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?។22គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងអោយមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់អោយអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។23លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះអោយស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។24នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និង មិត្ដជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។25ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។26ប៉ុន្ដែ លោកពេត្រុសចាប់គាត់អោយក្រោកឡើង ទាំងពោលថា៖«អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។27លោកដើរចូលទៅខាងក្នុងបណ្ដើរសន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា28លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបឬទេ វិន័យ របស់សាសនាយូដា ហាមមិនអោយសាសន៍យូដាទាក់ទង ជាមួយជនបរទេស ឬ ក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំអោយដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនអោយទាក់ទង ឬ ជាមនុស្សមិនបរិសុទ្ធនោះឡើយ។29ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍បងប្អូនហៅខ្ញុំមកមានការអ្វី?»។30លោកកូនេលាសមានប្រសាសន៍ថា៖«កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា"31"លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោក ក៏ព្រះអង្គមិនភ្លេចដែរ។32ឥឡូវនេះ ចូរចាត់គេអោយទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ"។33ខ្ញុំក៏បានចាត់គេអោយទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។34ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ35ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយអោយតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។36ព្រះអង្គបានប្រទានព្រះបន្ទូលមកអោយជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ មកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈព្រះយេស៊ូគ្រិស្ដ គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។37បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើម នៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសអោយបណ្ដាជនទទួលពិធីជ្រមុជទឹក។38បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និង ឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និង ប្រោសអស់អ្នកដែលត្រូវមារ សង្កត់សង្កិនអោយបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។39យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និង នៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។40ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និង ប្រោសប្រទានអោយព្រះអង្គបង្ហាញខ្លួន41ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនអោយធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានអោយព្រះយេស៊ូបង្ហាញខ្លួនអោយប្រជារាស្ដ្រទាំងមូលឃើញទេ។42ព្រះយេស៊ូបានបញ្ជាអោយយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថាព្រះជាម្ចាស់បានតែងតាំងព្រះអង្គអោយវិនិច្ឆ័យទោសមនុស្សរស់ និង មនុស្សស្លាប់។43ព្យាការី ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។44លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។45ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយសាសន៍ដទៃដែរ46ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចំឡែកអស្ចារ្យ ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។47ពេលនោះលោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនអោយធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។48លោកក៏បញ្ជាអោយគេធ្វើពិធីជ្រមុជទឹក ជូនអ្នកទាំងនោះក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ។ បន្ទាប់មក ពួកគេសុំអោយលោកស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។