1នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ ។2ទ្រង់បានអោយគេប្រហារជីវិតលោកយ៉ាកុបជាបងរបស់លោកយ៉ូហាន។3ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ដ ទ្រង់ក៏ចាត់គេអោយទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ ។4ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាអោយទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង ។5ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ដ សូមព្រះអង្គជួយលោក។6នៅយប់មុនពេលដែលព្រះបាទហេរ៉ូដ យកលោកពេត្រុសទៅកាត់ទោស លោកសំរាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។7ពេលនោះ ទេវតា របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុសដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។8ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។9លោកពេត្រុសក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះ ជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។10ទេវតា និង លោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និង កន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។11លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ អោយរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និង រួចពីបំណងដែលប្រជាជនយូដាបំរុងធ្វើមកលើរូបខ្ញុំ»។12យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។13នៅពេលលោកគោះទ្វារ មានស្ដ្រីបំរើម្នាក់ ឈ្មោះនាងរ៉ូដាចេញមកសួរ14នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារអោយទេនាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។15គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្ដែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។16គេពោលថា៖ «ប្រហែលជាទេវតា របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារអោយ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។17លោកពេត្រុសធ្វើសញ្ញាអោយគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក អោយចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជំរាបលោកយ៉ាកុប និង ពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។18លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។19ព្រះបាទហេរ៉ូដបញ្ជាអោយគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏អោយគេកាត់ទោសពួក អ្នកយាមរួចអោយគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដាទៅប្រថាប់នៅក្រុងសេសារា។20ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និង អ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកអោយមកខាងគេ ហើយទូលសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។21លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានព្រះរាជឱង្ការអោយប្រជាជនស្ដាប់។22ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។23រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះទ្រង់ពុំបានថ្វាយ សិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។24មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។25រីឯលោកបារណាបាស និង លោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។