Khmer

Acts

6

1នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិកនាំគ្នារអ៊ូរទំាទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្ដទុកដាក់នឹងស្ដ្រីមេម៉ាយខាងពួកខ្លួនទេ។2សាវ័ក ទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរអោយយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបំរើតុឡើយ។3ហេតុនេះបងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូបក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្ដិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និង ប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេអោយបំពេញមុខងារនេះ។4រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និង បំរើព្រះបន្ទូល។5ពួកសិស្សទាំងប៉ុន្មានពេញចិត្ដនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និង ដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និង លោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។6គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ ពីលើអ្នកទាំងនោះ។7ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ ដ៏ច្រើនលើសលប់សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។8លោកស្ទេផានបានញេរពេញដោយព្រះគុណ និង ឫទ្ធានុភាពដែលធ្វើអោយលោកសំដែងឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ធំៗក្នុងចំណោមប្រជាជន។9មានអ្នកខ្លះជាសមាជិកសាលាប្រជុំ ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និង អ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និង អ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និង អ្នកស្រុកអាស៊ីនាំគ្នាជជែកជាមួយលោកស្ទេផាន10ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។11ដូច្នេះអ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះអោយនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថលោកម៉ូសេ និង ប្រមាថព្រះជាម្ចាស់»។12គេបានបំបះបំបោរប្រជាជនបំបះបំបោរពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់ ។13គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ ប្រឆាំងនឹងក្រឹត្យវិន័យ ឥតឈប់ឈរ។14យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោលព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកអោយយើងខ្ញុំថែមទៀតផង»។15អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សំឡឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវតា ។