Khmer

Ephesians

2

1ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និង អំពើបាបរបស់បងប្អូនរួចផុតទៅហើយ។2ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះគឺតាមវត្ថុសក្ដិសិទ្ធដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅបច្ចុប្បន្នកាលនេះ។3រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ4ក៏ប៉ុន្ដែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្ដាដ៏ច្រើនពន់ប្រមាណនោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត5គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានអោយយើងមានជីវិតរស់ រួមជាមួយព្រះគ្រិស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន ដោយសារព្រះគុណ។6ព្រះអង្គបានប្រោសយើងអោយរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយេស៊ូ និង អោយយើងអង្គុយលើបល្ល័ង្គនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។7ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញអោយមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះគុណដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ8ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេគឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់9ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្ដអំពើល្អដែរ ដើម្បីកុំអោយនរណាម្នាក់អួតខ្លួនបាន។10យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្ដយេស៊ូ ដើម្បីអោយយើងប្រព្រឹត្ដអំពើល្អដែលព្រះអង្គបានបំរុងទុកជាមុនសំរាប់អោយយើងប្រព្រឹត្ដតាម។11ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា«ពួកមិនកាត់ស្បែក» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។12កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ដ គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។13កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។14គឺព្រះគ្រិស្ដហើយដែលជាសន្ដិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរអោយរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងអោយទៅជាបច្ចាមិត្ដនឹងគ្នា។15ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ ដែលមានបទបញ្ជា និង ក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរអោយទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ព្រមទាំងនាំសន្ដិភាពមកផង។16ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសំរុះសំរួលសាសន៍ទាំងពីរអោយរួមគ្នាជារូបកាយតែមួយ និង ធ្វើអោយគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។17ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ អំពីសន្ដិភាពមកអោយបងប្អូនដែលនៅឆ្ងាយ និង នាំសន្ដិភាពមកអោយអស់អ្នកដែលនៅជិតដែរ»។18ដោយសារព្រះគ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។19ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ និង ជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។20ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និង ព្យាការី ជាគ្រឹះ និង មានព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។21គឺព្រះគ្រិស្ដហើយ ដែលធ្វើអោយសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និង ធ្វើអោយចំរើនឡើង ទៅជាព្រះវិហារ ដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។22រីឯបងប្អូនក៏ដូច្នោះដែរដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។