1សូមបងប្អូនយកតំរាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។2ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចព្រះគ្រិស្ដបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសំរាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និង ទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។3ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ មិនត្រូវអោយមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬ ការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ4ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោកពាក្យឡេះឡោះ ឬ ពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។5ចូរដឹងអោយច្បាស់ថាអ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និង អ្នកលោភលន់ដែលយកទ្រព្យសម្បត្ដិធ្វើជាព្រះមិនអាចទទួលមត៌កក្នុងព្រះរាជ្យ របស់ព្រះគ្រិស្ដ និង របស់ព្រះជាម្ចាស់បានជាដាច់ខាត។6សូមកុំអោយនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំអោយព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។7ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។8កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅអោយសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។9ផលនៃពន្លឺនោះ គឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និង សេចក្ដីពិតគ្រប់បែបយ៉ាង។10ត្រូវរិះគិតមើលអោយដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់11ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះអោយគេឃើញ។12ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរអោយខ្មាសណាស់ទៅហើយ។13ក៏ប៉ុន្ដែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកអោយគេឃើញច្បាស់នៅក្រោមពន្លឺ14ដ្បិតអំពើណាដែលលេចមកអោយគេឃើញហើយនោះបានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្ដនឹងភ្លឺចាំងមកលើអ្នក»។15ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅអោយមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។16ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។17ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត អោយយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។18កុំស្រវឹងស្រាព្រោះស្រាបណ្ដាលអោយថោកទាប ផ្ទុយទៅវិញ ត្រូវអោយបានពោរពេញដោយព្រះវិញ្ញាណ។19ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និង បទចំរៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និង លើកតម្កើងព្រះអម្ចាស់អោយអស់ពីចិត្ដ។20ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និង គ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។21បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។22បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ23ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រិស្ដនាំមុខក្រុមជំនុំ ហើយជាព្រះសង្គ្រោះរបស់ក្រុមជំនុំដែលជាព្រះកាយព្រះអង្គ។24ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្ដយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។25ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្ដបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សំរាប់ក្រុមជំនុំ26ដើម្បីប្រោសអោយក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជំរះអោយបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និង ដោយសារព្រះបន្ទូល។27ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និង ឥតខ្ចោះត្រង់ណាឡើយ គឺអោយបានទៅជាវិសុទ្ធ ឥតសៅហ្មង។28ដូច្នេះស្វាមីត្រូវស្រឡាញ់ភរិយា អោយបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។29ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ30ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។31ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។32គំរោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះ សំដៅលើព្រះគ្រិស្ដ និង ក្រុមជំនុំតែប៉ុណ្ណោះ។33ទោះជាយ៉ាងណាក៏ដោយបងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។