Khmer

Galatians

6

1បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតំរង់អ្នកនោះ ដោយចិត្ដស្លូតបូត។ ក៏ប៉ុន្ដែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។2ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ ទាំងស្រុង។3ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការអ្នកនោះបញ្ឆោតខ្លួនឯងហើយ។4ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ដ ប្រសិនបើរកឃើញហេតុដែលធ្វើអោយខ្លួនឯង ខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ5ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ដ។6ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។7សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។8អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីព្រះវិញ្ញាណ។9យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្ដអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្ដទេនោះ ដល់ពេលកំណត់យើងនឹងច្រូតបានផលជាមិនខាន។10ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។11តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។12អស់អ្នកដែលចង់បានកិត្ដិយសខាងលោកីយ៍ បានបង្ខំបងប្អូនអោយកាត់ស្បែក ក្នុងគោលបំណងកុំអោយមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។13ចំពោះអ្នកដែលកាត់ស្បែកទាំងនោះខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់អោយបងប្អូនកាត់ស្បែក ដើម្បីអោយគេអាចអួតខ្លួនថា គេបានកាត់ស្បែកអោយបងប្អូន។14រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។15ការកាត់ស្បែកឬ មិនកាត់ស្បែកមិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។16សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ និង មេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និង ដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ។17អំណើះតទៅ សូមកុំអោយនរណាម្នាក់ធ្វើអោយខ្ញុំពិបាកចិត្ដទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។18បងប្អូនអើយសូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។