Khmer

Hebrews

2

1ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់នឹងសេចក្ដីប្រៀនប្រដៅដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។2ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និង មិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ3ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងអោយរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការ សង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋមព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។4ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេដោយសំដែងទីសំគាល់ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាងព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ មកស្របតាមព្រះហឫទ័យព្រះអង្គផង។5ព្រះជាម្ចាស់ពុំបានប្រគល់អោយពួកទេវតា ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។6ផ្ទុយទៅវិញមានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?7«ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និង កិត្ដិយសដល់គេទុកជាមកុដរាជ្យ»8ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ នៅក្រោមជើងរបស់គេ»។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកអោយមានអ្វីមួយនៅសល់ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ9តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និង សោយទិវង្គតនោះ ឥឡូវនេះព្រះអង្គទទួលសិរីរុងរឿង និង ព្រះកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សគ្រប់ៗរូប។10អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និង សំរាប់ព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងនាំ បុត្រធីតាជាច្រើនអោយទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គ ប្រោសប្រទានអោយម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។11ព្រះយេស៊ូដែលប្រោសមនុស្សអោយបានវិសុទ្ធ និង មនុស្សដែលព្រះអង្គប្រោសអោយបាន វិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ12គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ»។13ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្ដលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»។14ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកំទេចមារ ដែលមានអំណាចលើសេចក្ដីស្លាប់15និង ដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិតព្រោះតែខ្លាចស្លាប់។16ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។17ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូច បងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ ដែលមានចិត្ដមេត្ដាករុណាមានចិត្ដស្មោះត្រង់ក្នុងការបំរើព្រះជាម្ចាស់ និង ដើម្បីរំដោះប្រជាជនអោយរួចផុតពីបាប ផង។18ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងលព្រះអង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។