1បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូ យ៉ាងតឹងរ៉ឹងជាងគេ។2យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសំដីអ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។3ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីអោយវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូល អោយទៅណាក៏បាន។4សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ដ ដោយសារចង្កូតដ៏តូចមួយ។5រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើអោយឆេះព្រៃមួយយ៉ាងធំបានដែរ!6អណ្ដាតក៏ជាភ្លើងម៉្យាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើអោយរូបកាយទាំងមូលទៅជាសៅហ្មង និង ធ្វើអោយដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។7មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សំាងបានដែរ8ប៉ុន្ដែគ្មានជនណាម្នាក់អាចផ្សំាងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃ ដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពឹសពុល បណ្ដាលអោយស្លាប់ទៀតផង។9ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែលយើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក អោយមានលក្ខណៈដូចព្រះអង្គដែរ10គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។11តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផងជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ?12បងប្អូនអើយ ដើមឧទុម្ពរអាចអោយផ្លែជាអូលីវ ឬ ដើមទំពាំងបាយជូរអាចអោយផ្លែជា ឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។13ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និង ចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនអោយអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្ដសុទ្ធតែផុសចេញមកពីចិត្ដស្លូតបូត និង ពីប្រាជ្ញាទាំងស្រុង។14ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្ដច្រណែនឈ្នានីស និង មានចិត្ដប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតអោយសោះ។15ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និង ប្រាជ្ញារបស់អារក្ស16ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និង មានរឿងអាស្រូវគ្រប់យ៉ាង។17រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ បន្ទាប់មកជាប្រាជ្ញាផ្ដល់សន្ដិភាព មានអធ្យាស្រ័យ ទុកចិត្ដគ្នាពោរពេញទៅដោយចិត្ដមេត្ដាករុណា និង បង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។18អស់អ្នកកសាងសន្ដិភាព តែងសាបព្រោះសន្ដិភាព ហើយច្រូតយកផលជាជីវិតសុចរិត ។