Khmer

Matthew

9

1បន្ទាប់មក ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់ព្រះអង្គវិញ។2ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា ៖ "កូនអើយ!ចូរក្លាហានឡើង ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាប ហើយ!"។3ពួកអាចារ្យ ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្ដថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។4ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ?5បើខ្ញុំនិយាយថា "ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ" ឬថា " ចូរក្រោកឡើងដើរទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?6ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសអោយមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។7អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។8កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។9កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្ដិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។10បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និង ពួកសិស្សដែរ។11ពួកខាងគណៈផារីស៊ី ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ « ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាប?»។12ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។13ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ" មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។14ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និង ពួកខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។15ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។16ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើអោយសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។17ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រាទាំងថង់ស្បែកនៅគង់បាន»។18កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្ដាអញ្ជើញទៅដាក់ដៃ លើនាង នាងនឹងមានជីវិតរស់ពុំខាន»។19ព្រះយេស៊ូក្រោកឡើងយាងទៅជាមួយគាត់ ពួកសិស្ស ក៏ទៅជាមួយដែរ។20មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នំាមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ21ដ្បិតនាងរិះគិតក្នុងចិត្ដថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការ សង្គ្រោះមិនខាន»។22ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ដ្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។23កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖24«នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។25កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។26ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។27កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។28ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើអោយភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។29ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំអោយបានសំរេចតាមជំនឿរបស់អ្នកចុះ»។30ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំអោយនរណាដឹងឡើយ»។31ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះអោយគេដឹង ពាសពេញស្រុក។32លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។33កាលព្រះអង្គដេញអារក្សចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។34ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា ៖ «គាត់ដេញអារក្សបានដូច្នេះមកពីស្ដេចអារក្សបានប្រគល់អំណាចអោយ»។35បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និង តាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និង អ្នកពិការគ្រប់ប្រភេទអោយបានជាផង។36កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។37ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។38ហេតុនេះ ចូរអង្វរម្ចាស់ស្រែ អោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។