Khmer

Philippians

3

1មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿ របស់បងប្អូន។2ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹង ពួកអ្នកកាត់ស្បែកក្លែងក្លាយ3ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ដ យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។4ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត5គឺខ្ញុំបានទទួលពិធីកាត់ស្បែក ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ពន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ វិញ ខ្ញុំនៅខាងគណៈផារីស៊ី6បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យវិន័យនោះវិញខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។7ក៏ប៉ុន្ដែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសំរាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថា ឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ8គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានកា រព្រោះតែបានស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមអោយតែខ្ញុំបានព្រះគ្រិស្ដ9និង អោយតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺបានសុចរិតដោយជឿលើព្រះគ្រិស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ10បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រិស្ដ និង ស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយអោយបានដូចព្រះអង្គដែលសោយទិវង្គត11ដើម្បីអោយខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។12ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬ បានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់អោយបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំជាមុនដែរ។13បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថាខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយ ទេខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្ដឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។14ខ្ញុំរត់តំរង់ទៅរកទីដៅ ដើម្បីអោយបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅយើង ពីស្ថានបរមសុខអោយទទួលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។15ដូច្នេះ យើងទាំងអស់គ្នាដែលជា« មនុស្សគ្រប់លក្ខណៈ»ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុច ណាមួយព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនអោយដឹងមិនខាន។16ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។17បងប្អូនអើយ ចូរយកតំរាប់តាមខ្ញុំ។ ចូរសំឡឹងមើលអស់អ្នកដែលរស់នៅ ស្របតាមគំរូដែលយើងបានដាក់អោយបងប្អូនឃើញ នោះទៅ។18ខ្ញុំធ្លាប់បានជំរាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជំរាបបងប្អូន ទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅ ជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ ។19ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយគេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។20រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដយាងមកពីស្ថាននោះ។21ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ អោយបានដូចព្រះកាយ ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើអោយព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។