1បន្ទាប់មក ខ្ញុំឃើញទេវតា មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និង ច្រវាក់មួយយ៉ាងធំនៅដៃផង។2ទេវតានោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ និង ជាសាតាំង។3ទេវតាបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គំរប់មួយពាន់ឆ្នាំដើម្បីកុំអោយវាល្បួងជាតិសាសន៍នានាអោយវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។4ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះបានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និង អំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬ ថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសំគាល់លើថ្ងាស និង នៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រិស្ដក្នុងរយៈពេលមួយពាន់ឆ្នាំ។5រីឯមនុស្សឯទៀតៗដែលបានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេគឺរហូតដល់គំរប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ6អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយ ពិតជាមានសុភមង្គល ហើយនឹងបានវិសុទ្ធ ទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញគេនឹងទៅជាបូជាចារ្យ របស់ព្រះជាម្ចាស់ និង របស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គ ក្នុងរយៈពេលមួយពាន់ឆ្នាំ។7លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក8ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនអោយវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុក អោយវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។9ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ក៏ប៉ុន្ដែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។10រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះអោយវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និង ស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។11បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និង ផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ដ្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។12ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្កទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ដ ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។13សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និង ស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។14សេចក្ដីស្លាប់ និង ស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។15អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។