1ទេវតា បង្ហាញអោយខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិត ថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និង បល្ល័ង្ករបស់កូនចៀម។2នៅចំកណ្ដាលលានក្រុង និង នៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសំរាប់ព្យាបាលប្រជាជាតិនានាអោយបានជា។3ក្នុងក្រុងនោះអ្វីៗទាំងអស់ នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និង បល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបំរើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ4គេនឹងឃើញព្រះភ័ក្ដ្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។5នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬ ពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។6ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរអោយជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី ទ្រង់បានចាត់ទេវតារបស់ព្រះអង្គ អោយមកប្រាប់ពួកអ្នកបំរើព្រះអង្គដឹងអំពីហេតុការណ៍ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។7ព្រះយេស៊ូមានព្រះបន្ទូលថាៈ "ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្ដិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!"»។8ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និង បានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និង បានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះ នៅទៀបជើងទេវតាដែលបានបង្ហាញអោយខ្ញុំឃើញនោះ បំរុងនឹងថ្វាយបង្គំលោក9ក៏ប៉ុន្ដែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និង ជាមួយអស់អ្នកប្រតិបត្ដិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។10ទេវតាពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះអោយសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។11អ្នកណាទុច្ចរិត អោយអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង អោយអ្នកេនាះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនអោយកាន់តែវិសុទ្ធថែមទៀតចុះ!។12ព្រះយេស៊ូមានព្រះបន្ទូលថា៖"ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកអោយម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។13យើងជាអាល់ផា និង ជាអូមេកា នៅមុនគេ និង នៅក្រោយគេបំផុត ជាដើមដំបូង និង ជាចុងបង្អស់។14អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។15រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ពួកសម្លាប់គេពួកថ្វាយបង្គំព្រះក្លែងក្លាយ និង អស់អ្នកដែលចូលចិត្ដកុហក និង អនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!16យើងយេស៊ូ យើងបានចាត់ទេវតា របស់យើងអោយមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នាអំពី ក្រុមជំនុំនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង"»។17ព្រះវិញ្ញាណ និង ភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្គយាងមក!»។ សូមអោយអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។ អ្នកណាស្រេកសុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិតដោយមិនបាច់បង់ថ្លៃ !18ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះបន្ទូលថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ ព្រះជាម្ចាស់នឹងយកគ្រោះកាចដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង19ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីព្រះបន្ទូលដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនអោយគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។20ព្រះអង្គដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!។21សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!។ ៚