1ខ្ញុំប៉ូល ជាអ្នកបំរើ របស់ព្រះគ្រិស្ដយេស៊ូព្រះជាម្ចាស់ បានត្រាស់ហៅខ្ញុំ អោយធ្វើជាសាវ័ក និង ជ្រើសរើសខ្ញុំ អោយប្រកាសដំណឹងល្អរបស់ព្រះអង្គ។2ដំណឹងល្អនេះព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី របស់ព្រះអង្គ3ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្សព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ4តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់អោយមនុស្សបានវិសុទ្ធ វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។5តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះគុណ និង មុខងារជាសាវ័កដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្ដិតាមជំនឿ សំរាប់លើកតម្កើងព្រះនាមព្រះអង្គ។6បងប្អូនដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។7សូមជំរាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូមជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និង ត្រាស់ហៅអោយធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!។8ជាបឋមខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រោះតែបងប្អូនទាំងអស់គ្នាដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។9ព្រះជាម្ចាស់ដែលខ្ញុំគោរពបំរើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ អំពីព្រះបុត្រារបស់ព្រះអង្គទ្រង់ធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច10គ្រប់ពេលខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានអោយខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។11ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំងដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន អោយបងប្អូនបានមាំមួនឡើង12គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។13បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគំរោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្ដែមកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។14ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និង ក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និង ក្នុងចំណោមអ្នកល្ងង់។15ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ16ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សំរាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។17ដំណឹងល្អនេះសំដែងអោយដឹងថា ព្រះជាម្ចាស់ប្រោសប្រទានអោយមនុស្សបានសុចរិត ដោយសារជំនឿ និង អោយគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។ ទោសរបស់មនុស្សលោក18ព្រះជាម្ចាស់សំដែងព្រះពិរោធ ពីស្ថានបរមសុខ មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ ព្រះអង្គប្រឆាំង នឹងអំពើទុច្ចរិតគ្រប់យ៉ាងដែល មនុស្សលោកប្រព្រឹត្ដ ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនអោយលេចចេញមក19ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសំដែងអោយគេឃើញ។20លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬ ឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្ដី ព្រះអង្គបានសំដែងអោយគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ21ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អោយសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។22គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។23គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលរមែងតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និង សត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។24ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេប្រព្រឹត្ដអំពើសៅហ្មង តាមទំនើងចិត្ដលោភលន់របស់គេរហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។25ពួកគេនិយមព្រះក្លែងក្លាយ ជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និង គោរពបំរើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបំរើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។26ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្ដផ្ទុយពីធម្មជាតិវិញ27រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្ដអំពើដែលគួរអោយអៀនខ្មាស រវាងប្រុស និង ប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។28ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺអោយគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។29ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាលពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេឈ្លោះប្រកែកល្បិចកិច្ចកល និង អបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា30និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្ដកំរោលឃោរឃៅមានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្ដអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។31ពួកគេជាមនុស្សល្ងីល្ងើមានចិត្ដមិនទៀង ជាមនុស្សអត់ចិត្ដ មិនចេះអាណិតអាសូរ។32ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្ដបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្ដខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្ដអំពើបែបនោះផងដែរ។