Khmer

Titus

1

1ខ្ញុំ ប៉ូល ជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ដ ។ ព្រះជាម្ចាស់ចាត់ខ្ញុំអោយនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសអោយមានជំនឿ និង ស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។2អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។3នៅពេលកំណត់ ព្រះអង្គបានសំដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកអោយខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។4មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានអោយអ្នកបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដ។5ខ្ញុំបានទុកអ្នកអោយនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ អោយមានរបៀបរៀបរយ និង តែងតាំងព្រឹទ្ធាចារ្យ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ6គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយមានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។7ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាល ត្រូវតែឥតកំហុសមិនក្រអឺតក្រទមមិនឆាប់ខឹងមិនចំណូលស្រាមិនចេះឈ្លោះប្រកែកឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។8ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្ដធ្ងន់សុចរិតចិត្ដបរិសុទ្ធ ចេះទប់ចិត្ដ9ជាប់ចិត្ដនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាព ដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។10មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្ដរឹងរូស ព្រោកប្រាជ្ញឥតបានការ និង បោកប្រាសគេទៀតផង។11ត្រូវបំបិទមាត់អ្នកទាំងនោះដ្បិតពួកគេបានធ្វើអោយកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។12មានម្នាក់ក្នុងចំណោមពួកគេដែលជាព្យាការី របស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហកជាសត្វតិរច្ឆានដ៏សាហាវ និង ជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។13ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីអោយគេមានជំនឿត្រឹមត្រូវ14កុំអោយជាប់ចិត្ដនឹងរឿងព្រេងរបស់សាសន៍យូដា និង ជាប់ចិត្ដទៅលើបទបញ្ជាផ្សេងៗរបស់ ពួកអ្នកដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។15ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធអ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និង មិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និង មនសិការរបស់គេសុទ្ធតែសៅហ្មង។16គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដគេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរអោយស្អប់ខ្ពើម ជាមនុស្សរឹងទទឹងហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។