Khmer

Titus

3

1ចូររំលឹកដាស់តឿនបងប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និង ប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។2កុំអោយគេនិយាយអាក្រក់ពីនរណា កុំអោយគេបង្ករឿងតែអោយគេមានចិត្ដសប្បុរស និង បង្ហាញចិត្ដស្លូតបូត គ្រប់យ៉ាងចំពោះមនុស្សទាំងអស់វិញ។3ពីដើមយើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និង ការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និង ច្រណែនឈ្នានីសជាមនុស្សគួរអោយស្អប់ខ្ពើមព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។4ក៏ប៉ុន្ដែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក5ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើងដោយលាងជំរះយើងអោយបានកើតជាថ្មី និង ប្រទានអោយយើងមានជីវិតថ្មីដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។6ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះសង្គ្រោះរបស់យើង7ដើម្បីអោយយើងបានសុចរិត ដោយសារព្រះគុណរបស់ព្រះអង្គ ហើយអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។8ពាក្យនេះគួរអោយជឿខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដ ទុកដាក់ប្រព្រឹត្ដអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និង មានប្រយោជន៍ដល់មនុស្សលោក!9ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និង ឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ឥតបានការអ្វីទាំងអស់។10ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើកហើយបណ្ដេញគេអោយចេញទៅ11ដោយដឹងថាជនប្រភេទនេះជាមនុស្សខូចគេប្រព្រឹត្ដអំពើបាប និង ដាក់ទោសខ្លួនឯង។ ពាក្យដាស់តឿនចុងក្រោយ12ខ្ញុំចាត់លោកអើតេម៉ាស ឬ លោកទីឃីកុសអោយមករកអ្នក។ កាលណាគាត់មកដល់ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្ដថានឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។13ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និង លោកអប៉ូឡូសអោយបន្ដដំណើរទៅផងកុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។14ត្រូវអោយបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។15ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមអោយបងប្អូនទាំងអស់ គ្នាបានប្រកបដោយព្រះគុណ។