Khmer

1 Corinthians

10

1បងប្អូនអើយខ្ញុំចង់អោយបងប្អូនជ្រាបថា បុព្វបុរស របស់យើងសុទ្ធតែបានដើរក្រោមពពក និង បានដើរឆ្លងសមុទ្រទាំងអស់គ្នា។2ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និង ក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។3បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ4និង បានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះ គឺព្រះគ្រិស្ដ។5ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។6ហេតុការណ៍ទាំងនោះជាមេរៀនសំរាប់យើង ដើម្បីកុំអោយយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។7សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះអោយសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរំាសប្បាយ»។8យើងមិនត្រូវបណ្ដោយខ្លួន អោយប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំអោយគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។9យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះអោយសោះ។10សូមកុំរអ៊ូរទំា ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទំាហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។11ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោក ទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។12ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមំាមួនអ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។13គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពី ការល្បួងដែលមនុស្ស លោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្ដោយអោយមារ ល្បួងបងប្អូនហួសពីកម្លំាងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយអោយបងប្អូនចេញរួច និង អោយបងប្អូនអាចទ្រំាទ្របាន។14ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។15ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។16ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថាយើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរ។17មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។18សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។19ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?20ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់អោយបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។21បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។22ឬមួយក៏យើងចង់អោយព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?23យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែធ្វើអោយចំរើនឡើងបានឡើយ។24កុំអោយមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សំរាប់អ្នកដទៃវិញ។25បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ26ដ្បិត«ផែនដី និង អ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់»។27ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារ ទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។28ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាអោយសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និង មកពីមនសិការដាស់តឿន។29ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ?30ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ?31ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬ ទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។32សូមបងប្អូនកុំធ្វើអោយសាសន៍យូដាសាសន៍ក្រិក ឬ ក្រុមជំនុំ របស់ព្រះជាម្ចាស់ ជំពប់ចិត្ដឡើយ។33រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្ដមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សំរាប់មនុស្សទាំងអស់ ដើម្បីអោយគេទទួលការសង្គ្រោះ។