Khmer

1 Corinthians

9

1តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក ទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបំរើព្រះអម្ចាស់ទេឬ?2ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយព្រះអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។3ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ :4តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ?5តើយើងគ្មានសិទ្ធិនឹងនាំស្ដ្រីម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់ព្រះអម្ចាស់ និង ដូចលោកកេផាសទេឬ?6ឬមួយមានតែខ្ញុំ និង លោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត?7មិនដែលមាននរណាបំរើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដំាទំពំាងបាយជូរ ហើយមិនបរិភោគផ្លែនោះទេ ក៏មិនដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វក្នុងហ្វូងនោះដែរ។8ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងក្រឹត្យវិន័យ ក៏មានចែងដូចគ្នាដែរ9គឺក្នុងវិន័យរបស់លោកម៉ូសេមានចែងទុកថាៈ «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាមពិត ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងគោទេ10ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសំរាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។11យើងបានសាបព្រោះព្រះបន្ទូលដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្ដិលោកីយ៍ពីបងប្អូន តើមានអ្វីគួរអោយអស្ចារ្យ!12ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្ដែយើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្ដស៊ូទ្រំាគ្រប់បែបយ៉ាង ដើម្បីកុំអោយមានឧបសគ្គចំពោះដំណឹងល្អ របស់ព្រះគ្រិស្ដ ។13បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ ក៏ទទួលសាច់ពីអាសនៈដែរ។14រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។15ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្ដិយសនេះ ចេញពីខ្ញុំបានឡើយ។16ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្ដិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមអោយខ្ញុំវេទនាទៅចុះ!។17ប្រសិនបើខ្ញុំស្ម័គ្រចិត្ដផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់អោយខ្ញុំធ្វើ។18ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺអោយតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។19ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្ដដាក់ខ្លួន ធ្វើជាខ្ញុំបំរើរបស់មនុស្សទាំងអស់ដែរដើម្បីនាំមនុស្សជាច្រើន អោយមានជំនឿលើព្រះគ្រិស្ដ។20កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេអោយមានជំនឿលើព្រះគ្រិស្ដ។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យ ក៏ដោយកាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។21កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំធ្វើដូចអ្នកដែលគ្មានក្រឹត្យវិន័យ ដើម្បីនាំពួកគេអោយមានជំនឿលើព្រះគ្រិស្ដ (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)។22កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេអោយមានជំនឿលើព្រះគ្រិស្ដ។ ខ្ញុំធ្វើអោយបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។23ព្រោះតែដំណឹងល្អខ្ញុំសុខចិត្ដធ្វើអ្វីៗទាំងអស់ ដើម្បីអោយបានចូលរួមទទួលផលពីដំណឹងល្អនោះ។24បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីអោយបានទទួលរង្វាន់។25អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីអោយបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញយើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ។26ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។27ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។