1ចូរខំប្រឹងអោយមានចិត្ដស្រឡាញ់ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល ។2អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្ដអ្នកនោះអោយថ្លែងពីសេចក្ដីដ៏លាក់កំបាំង។3ផ្ទុយទៅវិញអ្នកណាថ្លែង ព្រះបន្ទូលអ្នកនោះនិយាយទៅកាន់មនុស្សដើម្បីជួយកសាង ដាស់តឿន និង លើកទឹកចិត្ដគេ។4អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។5ខ្ញុំចង់អោយបងប្អូនចេះនិយាយភាសាចំឡែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់អោយបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចំឡែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែអោយគេយល់ ដើម្បីកសាងក្រុមជំនុំទើបសំខាន់។6បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចំឡែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសំដែងប្រាប់ ឬ និយាយអំពីគំរោងការរបស់ព្រះជាម្ចាស់អោយបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬ បង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។7ប្រសិនបើឧបករណ៍តន្ដ្រី ដូចជាខ្លុយ ឬ ពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងអោយយើងដឹងថាជាសំឡេងខ្លុយ ឬ សំឡេងពិណបាន?8បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បំាង?។9រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងអោយគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះបងប្អូននិយាយឥតបានការអ្វីសោះ!10ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។11ប៉ុន្ដែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។12រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកអោយបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសំរាប់កសាងក្រុមជំនុំ ។13ហេតុនេះ អ្នកដែលនិយាយភាសាចំឡែកអស្ចារ្យត្រូវអធិស្ឋាន សុំអោយចេះបកប្រែន័យផង។14ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចំឡែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។15ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។16បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងអោយអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!17បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។18ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចំឡែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត19ក៏ប៉ុន្ដែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្ដនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចំឡែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។20បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតអោយសមជាមនុស្សពេញវ័យ។21ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។22ការនិយាយភាសាចំឡែកអស្ចារ្យ ជាទីសំគាល់មួយសំរាប់អ្នកមិនជឿ គឺមិនមែនសំរាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសំគាល់មួយសំរាប់អ្នកជឿ មិនមែនសំរាប់អ្នកមិនជឿនោះឡើយ។23ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ ទាំងមូលនាំគ្នានិយាយភាសាចំឡែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬ អ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។24ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬ អ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំអោយគេដឹងថាខ្លួនមានកំហុស ត្រូវជាប់ទោស។25ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្ដរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ទាំងប្រកាសថាៈ«ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!»។26បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សំដែងប្រាប់ ម្នាក់និយាយភាសាចំឡែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។27បើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ ត្រូវអោយពីរ ឬ បីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។28ប្រសិនបើគ្មានអ្នកបកប្រែទេនោះបងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចំឡែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ដ និង និយាយទៅកាន់ព្រះជាម្ចាស់បានហើយ។29រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវអោយពីរ ឬ បីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។30បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវអោយអ្នកកំពុងនិយាយផ្អាកសិន31ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗដើម្បីបានទទួលការអប់រំ និង ទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។32ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូលស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល33ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ដ។34សូមអោយស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេគឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។35ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ដ្រីៗនិយាយក្នុងក្រុមជំនុំ មិនសមរម្យទេ។36តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល?37ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវអោយអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ38ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។39ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនអោយនិយាយភាសាចំឡែកអស្ចារ្យឡើយ40ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និង ដោយមានសណ្ដាប់ធ្នាប់។