Khmer

1 Corinthians

15

1បងប្អូនអើយ ខ្ញុំសូមរំលឹកបងប្អូនដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និង បានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។2ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។3មុនដំបូងបង្អស់ ខ្ញុំជំរាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។4គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។5ព្រះអង្គបានបង្ហាញខ្លួនអោយលោកកេផាសឃើញ រួចអោយក្រុមសាវ័ក ទាំងដប់ពីររូបឃើញដែរ។6បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន អោយបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោម បងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។7បន្ទាប់មកទៀតព្រះអង្គបានបង្ហាញខ្លួនអោយលោកយ៉ាកុបឃើញ រួចអោយសាវ័កទាំងអស់ឃើញ។8ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនអោយខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ9ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។10ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសំរេចគ្រប់កិច្ចការ។11ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។12ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?13ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ14ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។15បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញដែរ16ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ17ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។18រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ដក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។19ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ដ សំរាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!20ប៉ុន្ដែ ព្រះគ្រិស្ដពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។21បើមនុស្សលោកត្រូវស្លាប់ ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។22មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ23ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។24បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និង ឫទ្ធិទាំងប៉ុន្មាន រួចស្រេចហើយ។25ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មំាងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។26សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។27ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទា របស់ព្រះគ្រិស្ដរួចស្រេចហើយ។ ក៏ប៉ុន្ដែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា "ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ" ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្ដនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដឡើយ។28លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតាដែលបានបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីអោយព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។29ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សំរាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សំរាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?30រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះបានប្រយោជន៍អ្វីដែរ?31បងប្អូនអើយរៀងរាល់ថ្ងៃ ខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះ ពិតមែន ដូចបងប្អូនជាកិត្ដិយសរបស់ខ្ញុំ នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងស្រាប់ហើយ។32ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវនៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។33សូមបងប្អូនកុំភ័ន្ដច្រឡំ "មិត្ដអាក្រក់តែងនាំអោយខូចទម្លាប់ល្អ"។34ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្ដអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូនមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីអោយបងប្អូនខ្មាសខ្លួន។35ប្រហែលជាមានម្នាក់ចង់សួរថាៈ «តើមនុស្សស្លាប់នឹងរស់ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។36មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។37គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬ គ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ38ប៉ុន្ដែ ព្រះជាម្ចាស់ប្រទានអោយគ្រាប់នោះមានរូបរាង ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គប្រទានអោយគ្រាប់ពូជនីមួយៗដុះ ឡើងមានរូបរាងរបស់វាផ្ទាល់។39រីឯសត្វលោកទាំងអស់ ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម៉្យាង សត្វចតុប្បាទមានសាច់ម៉្យាង សត្វស្លាបមានសាច់ម៉្យាង ហើយត្រីមានសាច់ម៉្យាង។40រូបកាយនៅស្ថានសួគ៌ និង រូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។41ពន្លឺថ្ងៃភ្លឺខុសពីពន្លឺលោកខែ និង ពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។42ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីរមែងតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។43រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។44រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។45ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។46មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។47មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ ។48អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។49យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយ ដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។50បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយហើយអ្វីៗដែលរមែងតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។51ខ្ញុំសូមជំរាបបងប្អូនអំពីគំរោងការដ៏លាក់កំបាំងមួយគឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្ដែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា52ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ53ព្រោះរូបកាយ ដែលរមែងតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលរមែងតែងតែស្លាប់នេះត្រូវទទួលយកភាពអមតៈ។54នៅពេលរូបកាយដែលតែងតែរលួយនេះបានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលរមែងតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសំរេចគឺថាៈ «ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ!55មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយតើអំណាចប្រហារជីវិតរបស់ឯងនៅឯណា?»។56ទ្រនិចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ ។57សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានអោយយើងមានជ័យជំនះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ដ ។58ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៊ឹងមំាមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ អោយបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។