1រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ2គឺ រាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះអោយហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។3កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស អោយយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។4បើយល់ឃើញថាគួរអោយខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។5ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។6ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬ ត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផងដើម្បីអោយបងប្អូនជួយខ្ញុំក្នុងការបន្ដដំណើរទៅមុខទៀត។7លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតអោយ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្ដិច។8ក៏ប៉ុន្ដែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូ នេះរហូតដល់បុណ្យថ្ងៃទីហាសិប9ដ្បិតទ្វារបើកចំហ យ៉ាងធំ សំរាប់អោយខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆំាងច្រើនយ៉ាងណាក៏ដោយ។10ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំអោយគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបំរើព្រះអម្ចាស់ដូចខ្ញុំដែរ។11ហេតុនេះ កុំអោយមាននរណាម្នាក់មើលងាយគាត់ឡើយតែត្រូវជួយជ្រោមជ្រែងគាត់ អោយបន្ដដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្ដផង ដ្បិតខ្ញុំ និង បងប្អូននៅទីនោះ រង់ចាំគាត់។12រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗអោយមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសំរេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេគាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចអោយ។13ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿអោយបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និង មានកម្លាំងមំាមួនឡើង។14ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។15បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថានៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបំរើប្រជាជនដ៏វិសុទ្ធ។16ដូច្នេះសូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។17ខ្ញុំសប្បាយចិត្ដ ដោយបានលោកស្ទេផាណាសលោកភ័រទីណាទូស និង លោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូន ទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើ អោយខ្ញុំធូរស្បើយក្នុងចិត្ដ18ព្រោះគេបានសំរាលទុក្ខខ្ញុំ ដូចគេបានសំរាលទុក្ខបងប្អូនដែរ។ ហេតុនេះសូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។19ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជំរាបសួរមកបងប្អូន។ លោកអគីឡា និង នាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជំរាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។20បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជំរាបសួរមកបងប្អូនដែរ។ សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។21ខ្ញុំ ប៉ូល សរសេរពាក្យជំរាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។22បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ អោយអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថាធ!23សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!24ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ដ យេស៊ូ។