Khmer

1 Corinthians

2

1បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។2ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីអោយខ្ញុំដឹងអ្វី ក្រៅពីព្រះយេស៊ូគ្រិស្ដនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រិស្ដដែលបានសោយទិវង្គតនៅលើឈើឆ្កាង។3ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។4ពាក្យសំដីដែលខ្ញុំនិយាយ និង ប្រកាសមិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៊ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសំដែងឫទ្ធានុភាពវិញ5ដើម្បីកុំអោយជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។6ក៏ប៉ុន្ដែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម៉្យាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬ ជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។7យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលព្រះអង្គបង្កប់ន័យទុកតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។8គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះបានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។9ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និង អ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សំរាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។10ព្រះជាម្ចាស់បានសំដែងអោយយើងដឹងអំពីគំរោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជំរៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។11ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបានក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។12ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ដើម្បីអោយស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។13យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។14រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះដែលប្រទានអោយមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។15រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ16ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន?»។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ ហើយ។