1បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូនដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬ និយាយទៅកាន់កូនខ្ចីខាងជំនឿ។2ខ្ញុំបានអោយទឹកដោះបងប្អូនពិសា គឺពុំបានអោយចំណីអាហាររឹងៗទេព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ3មកពីបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះសអោយឃើញថាបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។4ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និង ម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សអោយឃើញថាបងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន!5តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបំរើដែលណែនាំបងប្អូនអោយមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានអោយធ្វើ។6ខ្ញុំជាអ្នកដាំហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ ព្រះជាម្ចាស់ទេតើដែលធ្វើអោយដុះ។7ដូច្នេះ អ្នកដាំ និង អ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើអោយដុះឯណោះទើបសំខាន់។8អ្នកដាំ និង អ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ9ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។10ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានអោយខ្ញុំហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ11ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ដ ។12ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ ស្បូវ មកសង់ពីលើគ្រឹះនេះ13នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។14បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។15បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្ដែគេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។16បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។17ប្រសិនបើនរណាម្នាក់កំទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកំទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។18សូមកុំបញ្ឆោតខ្លួនឯងអោយសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីអោយបានទៅជាអ្នកប្រាជ្ញ។19ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា«ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។20មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។21ហេតុនេះមិនត្រូវអោយនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសំរាប់បំរើបងប្អូន22ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដីសេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬ នៅពេលអនាគតក្ដីសុទ្ធតែសំរាប់បំរើបងប្អូនទាំងអស់។23រីឯបងប្អូនវិញ បងប្អូនបំរើព្រះគ្រិស្ដ ហើយព្រះគ្រិស្ដបំរើព្រះជាម្ចាស់។