1ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់អោយកាត់ក្ដី មិនទុកអោយប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ!2បងប្អូនមិនជ្រាបទេឬថាប្រជាជនដ៏វិសុទ្ធ នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ?3បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!4ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រកអោយ មកកាត់ក្ដីដូច្នេះ។5ខ្ញុំនិយាយនេះ ដើម្បីអោយបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូនតើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?6បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង!7គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រំានឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមអោយគេរឹបយកទ្រព្យរបស់បងប្អូន?8ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។9បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យ ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំអោយសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា10ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។11កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានអោយបងប្អូនបានវិសុទ្ធ ព្រមទាំងអោយបងប្អូនបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។12ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយអោយអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។13អ្នកខ្លះពោលថា «ចំណីអាហារសំរាប់ចំអែតក្រពះ ហើយក្រពះសំរាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសំរាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសំរាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។14ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ អោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងអោយមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។15បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ដ? ដូច្នេះ តើគប្បីអោយខ្ញុំយកសរីរាង្គព្រះគ្រិស្ដ ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ?16ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័ក្សជាមួយស្ដ្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។17រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។18ចូរគេចអោយផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ដជាអំពើបាបមិនធ្វើអោយរូបកាយសៅហ្មងទេ។ ប៉ុន្ដែ អ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្ដអំពើបាប ដែលនាំអោយសៅហ្មងដល់រូបកាយរបស់ខ្លួន។19បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ20ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។