Khmer

1 Corinthians

7

1បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ដ្រីទេនោះ ជាការប្រសើរ។2ប៉ុន្ដែ ដើម្បីចៀសវាងកុំអោយមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។3ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។4ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះជារបស់ប្រពន្ធ។5មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសំរាប់អធិស្ឋាន ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ សាតាំងល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។6ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិអោយបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។7ខ្ញុំចង់អោយមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្ដែម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួន ពីព្រះជាម្ចាស់ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។8ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និង ស្ដ្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅ ល្អជាង។9ប៉ុន្ដែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកអោយចិត្ដនៅពុះកញ្ជ្រោល។10ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។11ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬ មួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។12ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជំរាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។13រីឯស្ដ្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ14ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ ទេ!។ ក៏ប៉ុន្ដែតាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។15បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ អោយគេទៅចុះ បងប្អូនប្រុស ឬ ស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងអោយមករស់ក្នុងសេចក្ដីសុខសាន្ដ។16បងប្អូនជាស្ដ្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?17ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅអោយបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានអោយ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់អោយក្រុមជំនុំ ទាំងអស់ធ្វើតាមសេចក្ដីនេះ។18នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។19ការកាត់ស្បែក ឬ មិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្ដិតាមបទបញ្ជា របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។20នៅពេលព្រះអង្គត្រាស់ហៅបើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។21ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបំរើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្ដែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសអោយបានទៅជាអ្នកជាចុះ22ដ្បិតខ្ញុំបំរើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបំរើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបំរើព្រះគ្រិស្ដ។23ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនអោយធ្លាក់ទៅជាខ្ញុំបំរើរបស់មនុស្សទៀតឡើយ។24បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះនៅចំពោះព្រះភ័ក្ដ្រព្រះអង្គតទៅមុខទៀតទៅ។25រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរអោយទុកចិត្ដព្រោះព្រះអង្គមានព្រះហឫទ័យមេត្ដាករុណាចំពោះរូបខ្ញុំ។26ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។27បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងអោយសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។28បើបងប្អូនរៀបការ មិនមែនមានន័យថាបងប្អូនប្រព្រឹត្ដអំពើបាបឡើយ ហើយបើស្ដ្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់អោយបងប្អូនចៀសផុតពីការលំបាកទាំងនោះ។29បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខអស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្ដដូចជាគ្មានប្រពន្ធ30អស់អ្នកដែលយំសោក ដូចជាមិនយំសោកអស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ31ហើយអស់អ្នកដែលប្រើប្រាស់សម្បត្ដិលោកីយ៍ ក៏ត្រូវកាន់ចិត្ដដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។32ខ្ញុំមិនចង់អោយបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាអោយបានគាប់ព្រះហឫទ័យព្រះអង្គ។33រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្រពន្ធ34ហើយចិត្ដអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ដ្រីដែលគ្មានប្ដី និង ស្ដ្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ដ្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្ដី។35ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនមិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់អោយបងប្អូនរស់នៅបានល្អប្រសើរជាប់ចិត្ដនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។36ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំអោយបាក់មុខ ហើយបើចិត្ដរបស់គេឆាបឆួលចង់យកនាងត្រូវធ្វើតាមចិត្ដខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។37រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថាអាចទប់ចិត្ដបាន ហើយសំរេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះគាត់ធ្វើត្រឹមត្រូវហើយ។38ដូច្នេះអ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។39ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងអោយតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។40ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។