Khmer

1 John

1

1ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និង បានពាល់ដោយដៃយើងផ្ទាល់2(ដ្បិតជីវិត នេះបានលេចមកអោយយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និង សូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរក ព្រះបិតា និង លេចមកអោយយើងឃើញ)។3យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និង បានឮនោះដល់បងប្អូន ដើម្បីអោយបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និង ជាមួយព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ។4យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។5ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ដ ហើយយកមកជំរាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។6ប្រសិនបើយើងពោលថាយើងរួមរស់ជាមួយព្រះអង្គតែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្ដិតាមសេចក្ដីពិតទេ។7ប៉ុន្ដែ ប្រសិនបើយើងរស់ ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។8ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។9ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និង សុចរិត ទ្រង់នឹងអត់ទោសយើងអោយរួចពីបាប ព្រមទាំងជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។10ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។