1ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះ មកអ្នករាល់គ្នាដើម្បីកុំអោយអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្ដដ៏សុចរិត។2ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងអោយរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។3ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គនោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។4អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហកហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។5រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ6គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។7កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួលតាំងពីដើមរៀងមក។ បទបញ្ជា ចាស់នេះ ជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។8យ៉ាងណាមិញបទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នាពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ និង ក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។9អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូនអ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។10អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺហើយគ្មានអ្វីធ្វើអោយគាត់រវាតចិត្ដចេញពីជំនឿឡើយ។11រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើអោយភ្នែករបស់គេទៅជាខ្វាក់។12ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកអោយរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។13ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ កំណាចហើយ។14ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថាអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។15កុំស្រឡាញ់លោកីយ៍ និង អ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។16អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្ដលោភលន់របស់មនុស្ស ចិត្ដលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និង អំនួត ព្រោះមានទ្រព្យសម្បត្ដិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។17លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។18ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថាមានមេប្រឆាំង ព្រះគ្រិស្ដម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្ដជាច្រើននាក់មកដល់មែន ជាហេតុនាំអោយយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។19អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញអោយឃើញថាពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។20រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។21ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។22តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង ព្រះគ្រិស្ដ។23អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។24ចំពោះអ្នករាល់គ្នាវិញ ចូរទុកអោយសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និង ព្រះបិតាដែរ។25រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។26ខ្ញុំសរសេរមកអ្នករាល់គ្នា ស្ដីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេង។27ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការអោយនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ដ ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។28ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីអោយយើងមានចិត្ដរឹងប៉ឹងនៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ដ្រព្រះអង្គឡើយ។29អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។