Khmer

1 John

3

1សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថាជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។2កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សំដែងអោយយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលព្រះគ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ។3អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជំរះខ្លួនអោយបរិសុទ្ធ ដូចព្រះអង្គបរិសុទ្ធដែរ។4អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះបំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។5អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមក ដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។6អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញព្រះអង្គព្រមទាំងមិនស្គាល់ព្រះអង្គផង។7កូនចៅទាំងឡាយអើយ សុំកុំអោយនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។8អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីមារ ដ្បិតមារបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។9អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។10ត្រង់ហ្នឹងហើយ ដែលបង្ហាញអោយឃើញច្បាស់ថាអ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ ។ អ្នកណាមិនប្រព្រឹត្ដអំពើសុចរិត អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនអ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។11ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។12យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត ។13បងប្អូនអើយប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។14យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។15អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។16យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គ សំរាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសំរាប់បងប្អូនដែរ។17ប្រសិនបើនរណាម្នាក់មានសម្បត្ដិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងអោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!18កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬ ពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និង តាមសេចក្ដីពិតវិញ។19ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ដ្រព្រះអង្គទេ។20ហេតុនេះ ប្រសិនបើចិត្ដគំនិតរបស់យើង ដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្ដរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។21កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ។22អ្វីៗក៏ដោយអោយតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខានព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និង ប្រព្រឹត្ដអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។23រីឯបទបញ្ជា របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ និង ត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។24អ្នកណាកាន់តាមបទបញ្ជា របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។