Khmer

1 John

5

1អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។2ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និង ប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។3យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ4ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះគឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។5តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។6ព្រះយេស៊ូគ្រិស្ដនេះហើយ ដែលបានយាងមកក្នុងលោកនេះ ដោយទឹក និង លោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និង លោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។7មានបន្ទាល់បីគឺ8ព្រះវិញ្ញាណទឹក និង លោហិត ហើយបន្ទាល់ទាំងបីនេះ រួមគ្នាផ្ដល់សក្ខីភាពតែមួយ។9ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។10អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។11រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។12អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។13ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។14ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វី ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្ដាប់យើងជាមិនខាន។15បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។16ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាបដែលមិនបណ្ដាលអោយស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតអោយបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្ដាលអោយស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម៉្យាងដែលបណ្ដាលអោយស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំអោយទូលអង្វរទេ។17អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ប៉ុន្ដែ មានអំពើបាបខ្លះមិនបណ្ដាលអោយស្លាប់ឡើយ។18យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារ កំណាចពុំអាចយាយីគេបានឡើយ។19យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។20យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាអោយយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។21កូនចៅអើយ ចូរចៀសអោយផុតពីការគោរពព្រះក្លែងក្លាយ។