1ខ្ញុំជាចាស់ទុំ សូមជំរាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និង ជំរាបមកកូនចៅរបស់លោកស្រីដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិត ក៏ស្រឡាញ់ដែរ2ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។3សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដមកយើងក្នុងសេចក្ដីពិត និង ក្នុងសេចក្ដីស្រឡាញ់។4ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។5ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។6សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ដើម្បីអោយអ្នករាល់គ្នាប្រតិបត្ដិតាម។7មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថាព្រះយេស៊ូគ្រិស្ដ បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និង ជាមេប្រឆាំង ព្រះគ្រិស្ដ។8ចូរមើលគ្នាឯងអោយមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំអោយបានទទួលរង្វាន់ដ៏បរិបូណ៌។9អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ ទើបមានព្រះបិតា និង ព្រះបុត្រាគង់ជាមួយ។10ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុង ផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជំរាបសួរគេផង11ដ្បិតអ្នកណាជំរាបសួរមនុស្សបែបនេះក៏ដូចជាសមគំនិត នឹងអំពើអាក្រក់របស់គេដែរ។12ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជំរាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និង ទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នានិយាយផ្ទាល់មាត់តែម្ដង ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។13កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជំរាបសួរមកលោកស្រីដែរ។