Khmer

3 John

1

1ខ្ញុំជាចាស់ទុំ សូមជំរាបមកប្អូនកៃយុស ជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។2ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរអោយប្អូនបានប្រកបដោយសេចក្ដីសុខ គ្រប់ជំពូកទាំងអស់ គឺអោយប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។3នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថាប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិតដូចប្អូនប្រតិបត្ដិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់។4គ្មានអ្វីអាចធ្វើអោយខ្ញុំមានអំណរ ខ្លាំងជាងបានឮថាកូនចៅរបស់ខ្ញុំប្រតិបត្ដិតាមសេចក្ដីពិតនោះឡើយ។5ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្ដស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបំរុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។6បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង7ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។8ដូច្នេះ យើងត្រូវតែជួយទំនុកបំរុងមនុស្សបែបនេះ ដើម្បីអោយយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។9ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំនុំ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។10ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីអំពើដែលគាត់បានប្រព្រឹត្ដ គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃំាងអស់អ្នកដែលចង់ទទួល មិនអោយទទួល និង ដេញគេចេញពីក្រុមជំនុំថែមទៀតផង។11ប្អូនជាទីស្រឡាញ់ កុំយកតំរាប់តាមអំពើអាក្រក់ឡើយ សូមយកតំរាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្ដអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្ដអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។12ចំណែកឯដេមេទ្រាសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។13ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និង ស្លាបប៉ាកកាទេ។14ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នា ផ្ទាល់មាត់តែម្ដង។15សូមអោយប្អូនបានប្រកបដោយសេចក្ដីសុខសាន្ដ! មិត្ដភក្ដិទាំងអស់ ក៏សូមជំរាបសួរមកប្អូនដែរ។ សូមជំរាបសួរមកមិត្ដភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។