Khmer

1 Peter

1

1ខ្ញុំពេត្រុសជាសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគាស្រុកអាស៊ី និង ស្រុកប៊ីធូនា។2ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគំរោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ ដើម្បីអោយបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និង អោយព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។3សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើង អោយកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ដ អោយមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្ដាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ4ហើយយើងនឹងទទួលមត៌ក ដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បំរុងទុកមត៌កនេះអោយបងប្អូននៅស្ថានបរមសុខ5ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីអោយបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។6ហេតុនេះហើយបានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។7ទុក្ខលំបាកទាំងនេះនឹងលត់ដំ ជំនឿរបស់បងប្អូនអោយមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដសំដែងខ្លួនអោយមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និង កិត្ដិយសជាមិនខាន។8បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន9ព្រោះបងប្អូនបានទទួលការសង្គ្រោះសំរាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។10ព្យាការី ដែលថ្លែងព្រះបន្ទូល អំពីព្រះគុណដែលបំរុងសំរាប់បងប្អូនបាននាំគ្នាស្រាវជ្រាវ និង រិះរកចង់ដឹងអំពីការសង្គ្រោះនេះ។11ព្រះវិញ្ញាណរបស់ព្រះគ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និង អំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្ដិការណ៍នេះនឹងកើតមាននៅជំនាន់ណាក្នុងកាលៈទេសៈណា។12ព្រះជាម្ចាស់បានសំដែងអោយព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែង មិនមែនសំរាប់ពួកលោកទេ គឺសំរាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា ក៏ប្រាថ្នាចង់យល់ជំរៅនៃសេចក្ដីទាំងនោះដែរ។13ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតអោយមែនទែន កុំភ្លេចខ្លួនអោយសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើព្រះគុណថា ដែលព្រះជាម្ចាស់ប្រោសប្រទានអោយបងប្អូននៅថ្ងៃព្រះយេស៊ូគ្រិស្ដ នឹងសំដែងព្រះអង្គ អោយមនុស្សលោកឃើញ។14ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្ដប៉ងប្រាថ្នាដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គ នោះឡើយ15ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្ដយ៉ាងនោះដែរ16ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។17មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។18បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនអោយរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាសឬប្រាក់ទេ19គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ដ ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។20ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គអោយមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។21តាមរយៈព្រះគ្រិស្ដ បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីអោយបងប្អូនមានជំនឿ និង មានសង្ឃឹមលើព្រះជាម្ចាស់។22បងប្អូនបានជំរះព្រលឹងអោយបានបរិសុទ្ធ ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីអោយបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកអោយអស់ពីចិត្ដទៅ។23ព្រះជាម្ចាស់បានប្រោសបងប្អូនអោយកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិតហើយនៅស្ថិតស្ថេរជាដរាប24ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀមហើយផ្កាក៏រុះរោយដែរ25ប៉ុន្ដែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។