Khmer

James

5

1ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!2ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។3មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្ដិទុក4ឥតបើកប្រាក់ឈ្នួលអោយពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍!សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល ។5អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្ដខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។6អ្នករាល់គ្នាបានដាក់ទោស និង ប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។7ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្ដអត់ធ្មត់រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ!អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់អោយ ដោយចិត្ដអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និង ចុងរដូវ។8បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្ដអត់ធ្មត់តាំងចិត្ដអោយរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។9បងប្អូនអើយមិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំអោយមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។10បងប្អូនអើយ ចូរយកតំរាប់តាមពួកព្យាការី ដែលបានរងទុក្ខលំបាក និង មានចិត្ដអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។11យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់អោយគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និង មេត្ដាករុណាយ៉ាងក្រៃលែង។12ជាពិសេស បងប្អូនអើយ កុំស្បថអោយសោះ គឺកុំយកមេឃ យកផែនដី ឬ យកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ។ បើថា«មែន»អោយប្រាកដជា «មែន» «ទេ» អោយប្រាកដជា« ទេ» ដើម្បីកុំអោយមានទោស។13ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។14ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះអធិស្ឋានអោយគាត់ និង លាបប្រេង អោយក្នុងព្រះនាមព្រះអម្ចាស់។15ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្ដអំពើបាបព្រះអង្គនឹងលើកលែងទោសអោយ។16ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានអោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត មានប្រសិទ្ធភាពខ្លាំងណាស់។17ព្យាការី អេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ដ សុំកុំអោយមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។18បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។19បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់អោយវិលត្រឡប់មកវិញ20តោងដឹងថា អ្នកដែលនាំមនុស្សបាបអោយងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេអោយរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។