1នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬ បីនាក់។2កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជំរាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និង សូមជំរាបអ្នកឯទៀតៗទាំងអស់ អោយបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ3ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្ដមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។4ព្រះអង្គត្រូវគេឆ្កាងដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្ដែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូនយើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។5សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេ ឬ ថាព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!6ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន។7យើងទូលអង្វរព្រះជាម្ចាស់ សូមកុំអោយបងប្អូនប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ8ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ គឺយើងគ្រាន់តែអាចបំរើសេចក្ដីពិតប៉ុណ្ណោះ។9យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះគឺសូមអោយបងប្អូនបានគ្រប់លក្ខណៈ។10ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះអង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេគឺដើម្បីកសាងវិញ។11នៅទីបញ្ចប់ បងប្អូនអើយចូរមានអំណរឡើង ចូរខំប្រឹងអោយបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និង សេចក្ដីសុខសាន្ដ មុខជាគង់ជាមួយបងប្អូនមិនខាន។12ចូរជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនដ៏វិសុទ្ធ ទាំងអស់ ក៏សូមជំរាបសួរមកបងប្អូនដែរ។13សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និង ការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ។