1ខ្ញុំប៉ូលជាសាវ័ក ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬ ដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើង ដោយព្រះយេស៊ូគ្រិស្ដ និង ព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។2ខ្ញុំ និង បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។3សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និង សេចក្ដីសុខដល់បងប្អូន។4ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងអោយរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។5សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!អាម៉ែន!6ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើងហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត7តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើអោយកើតវឹកវរ និង ចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។8ប្រសិនបើមាននរណាម្នាក់ទោះបីយើងក្ដី ឬ ទេវតា ណាមួយពីស្ថានបរមសុខ ក្ដីនាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមអោយអ្នកនោះត្រូវបណ្ដាសាទៅចុះ!9ដូចយើងបានជំរាបមកស្រាប់ហើយ តែខ្ញុំក៏សូមជំរាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូនខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមអោយអ្នកនោះត្រូវបណ្ដាសាចុះ!10ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬ ធ្វើអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកអោយមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់អោយមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបំរើរបស់ព្រះគ្រិស្ដទៀតហើយ!11បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ដំណឹងល្អ ដែលខ្ញុំបាននាំមកជូនបងប្អូនមិនមែនមានប្រភពចេញមកពីមនុស្សលោកទេ12រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួលឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ដ ឯណោះ ដែលបានសំដែងអោយខ្ញុំស្គាល់។13បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំនុំនេះទៀតផង។14ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និង ជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។15ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ។16នៅពេលព្រះអង្គសព្វព្រះហឫទ័យសំដែងអោយខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីអោយខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។17ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។18បីឆ្នំាក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីអោយបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។19ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័ក ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។20សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។21បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និង ស្រុកគីលីគា22តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្ដនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។23បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា "អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អ អំពីជំនឿដែលគាត់ចង់កំទេចពីមុននោះទៅវិញ!"។24គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។