Khmer

Galatians

2

1ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។2ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្ដអោយដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះ អំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំអោយកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬ បានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ។3រីឯលោកទីតុសដែលទៅជាមួយខ្ញុំទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់អោយទទួលពិធីកាត់ស្បែក ដែរ4ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ក្នុងគោលបំណងធ្វើអោយយើងធ្លាក់ទៅជាទាសករវិញ។5យើងពុំបានសុខចិត្ដធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសំរាប់បងប្អូន។6រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំអោយធ្វើអ្វីផ្សេងទៀតឡើយ។7ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកអោយខ្ញុំដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា អោយលោកពេត្រុសដែរ8ដ្បិតព្រះជាម្ចាស់ ដែលប្រោសប្រទានអោយលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានអោយខ្ញុំអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍ដទៃយ៉ាងនោះដែរ។9កាលលោកយ៉ាកុបលោកកេផាស និង លោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំបានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និង ចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថាយើងរួបរួមគ្នា គឺលោកបារណាបាស និង ខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។10ពួកលោកគ្រាន់តែសុំអោយយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។11ក៏ប៉ុន្ដែ នៅពេលដែលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។12លោកយ៉ាកុបបានចាត់អ្នកខ្លះអោយមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។13បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ ក៏ត្រូវគេអូសទាញអោយលាក់ពុតដូចគេដែរ។14ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជំរាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ "បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃអោយធ្វើដូចសាសន៍យូដាម្ដេចកើត?"។15រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមកយើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។16យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សអោយបានសុចរិត ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដវិញ។ ដូច្នេះយើងក៏បានជឿលើព្រះគ្រិស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្ដតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមក្រឹត្យវិន័យឡើយ។17ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្ដនាំអោយយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!18ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថាខ្ញុំប្រព្រឹត្ដល្មើសក្រឹត្យវិន័យ។19ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យដើម្បីអោយខ្ញុំមានជីវិតរស់នៅសំរាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ដ20ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្ដទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិត ដែលខ្ញុំរស់ជាមនុស្ស នាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និង បានបូជាព្រះជន្មសំរាប់ខ្ញុំ។21ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារវិន័យនោះ បានសេចក្ដីថាព្រះគ្រិស្ដសោយទិវង្គតឥតបានការអ្វីទេ!