Khmer

2 Corinthians

2

1ដូច្នេះ ខ្ញុំសំរេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្ដនោះឡើយ។2បើខ្ញុំធ្វើអោយបងប្អូនព្រួយចិត្ដទៅហើយ តើនរណានឹងធ្វើអោយខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើអោយព្រួយចិត្ដនោះ?3សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូនមានគោលបំណងចៀសវាងកុំអោយខ្ញុំព្រួយចិត្ដ នៅពេលខ្ញុំមកដល់ គឺកុំអោយខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើអោយខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថាពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។4ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើអោយបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងអោយបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។5ប្រសិនបើនរណាម្នាក់បង្កើតអោយមានទុក្ខព្រួយ មិនមែនធ្វើអោយខ្ញុំព្រួយចិត្ដទេ គឺគាត់ធ្វើអោយបងប្អូនទាំងអស់គ្នាព្រួយចិត្ដ ឬ យ៉ាងហោចណាស់ ក៏អោយបងប្អូនមួយចំនួនព្រួយចិត្ដ (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។6បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។7សូមបងប្អូនអត់ទោសអោយគាត់ និង លើកទឹកចិត្ដគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្ដខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។8ដូច្នេះខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណា បង្ហាញអោយឃើញថាបងប្អូនស្រឡាញ់គាត់។9ខ្ញុំសរសេរមកដើម្បីលចិត្ដបងប្អូនមើល ចង់ដឹងថាតើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬ យ៉ាងណា។10បើបងប្អូនលើកលែងទោសអោយអ្នកណា ខ្ញុំក៏លើកលែងទោសអោយអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសអោយនរណាម្នាក់) ខ្ញុំលើកលែងទោសអោយគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ដ11ដើម្បីកុំអោយយើងចាញ់បោកមារ សាតាំង ដ្បិតយើងស្គាល់គំរោងការរបស់វាស្រាប់ហើយ។12ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រិស្ដ ទោះបីព្រះអម្ចាស់បានបើកឱកាស អោយខ្ញុំក៏ដោយ ក៏ចិត្ដខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។13ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាសធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។14សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានអោយយើងមានជ័យជំនះរួមជាមួយព្រះគ្រិស្ដជានិច្ច។ ព្រះអង្គប្រោសប្រទានអោយមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គតាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។15ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ដ ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និង ក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្ដរាយ។16ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំអោយគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំអោយគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន?17យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ដ ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និង នៅក្នុងអង្គព្រះគ្រិស្ដ។