Khmer

2 Corinthians

3

1តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូនឬ សុំលិខិតតែងតាំងពីបងប្អូនវិញ?2បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើងដែលមនុស្សទាំងអស់អាចស្គាល់ និង អានបាន។3បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ដ មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្ដរបស់បងប្អូន។4យើងមានសេចក្ដីទុកចិត្ដដ៏មុតមាំនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្ដនេះហើយ។5យើងមិនអាចចាត់ទុកថាខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានអោយយើងមានសមត្ថភាពអាចធ្វើបាន។6ព្រះអង្គក៏ប្រទានអោយយើងមានសមត្ថភាពធ្វើជាអ្នកបំរើសម្ពន្ធមេត្រី ថ្មីដែរជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញដ្បិតក្រឹត្យវិន័យ ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលអោយស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។7ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសំឡឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបំរើក្រឹត្យវិន័យដែលបណ្ដាលអោយស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ8ចុះទំរាំបើមុខងារបំរើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?9ប្រសិនបើមុខងារដែលធ្វើអោយមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើអោយមនុស្សបានសុចរិត វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត?10ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម នឹងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។11ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញតើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?12ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្ដរឹងប៉ឹង ឥតរង្គើដែរ។13យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំអោយជនជាតិអ៊ីស្រាអែលសំឡឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះចេញបាត់ពីផ្ទៃមុខលោក។14ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី ចាស់ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែលលុះដល់គេចូលរួមជាមួយព្រះគ្រិស្ដ ទើបស្បៃនោះរសាត់បាត់ទៅ។15មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេមានស្បៃមួយនៅបាំងចិត្ដគេមិនអោយយល់16ក៏ប៉ុន្ដែ «នៅពេលគេបែរចិត្ដគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ»17ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់នៅទីនោះក៏មានសេរីភាពដែរ។18យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខយើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែអោយបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។