1បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្ដាករុណា ប្រគល់មុខងារនេះមកអោយយើងបំពេញយើងមិនបាក់ទឹកចិត្ដឡើយ។2យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរអោយអៀនខ្មាស នោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬ ក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញអោយមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេអោយទុកចិត្ដលើយើង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។3ប្រសិនបើអត្ថន័យនៃដំណឹងល្អ នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្ដរាយប៉ុណ្ណោះ4ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើអោយចិត្ដគំនិតរបស់គេ ទៅជាងងឹត មិនអោយគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ដជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។5យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបំរើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។6ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរអោយមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងអោយស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ដ្ររបស់ព្រះគ្រិស្ដដែរ។7យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីអោយមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់មិនមែនជារបស់យើងទេ។8គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច9គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។10ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់ របស់ព្រះយេស៊ូជានិច្ច ដើម្បីអោយគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។11ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីអោយគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។12ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។13ដោយយើងមានវិញ្ញាណដែលនាំអោយជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។14យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូអោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងអោយរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គរួមជាមួយបងប្អូនថែមទៀតផង។15ហេតុការណ៍ទាំងនេះកើតឡើង ជាប្រយោជន៍ដល់បងប្អូន គឺអោយព្រះគុណបានចំរើនកាន់តែច្រើនឡើងៗ ដើម្បីអោយមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និង លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។16ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្ដឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជំរៅចិត្ដយើង កាន់តែចំរើនឡើងជារៀងរាល់ថ្ងៃដែរ17ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើអោយយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។18ដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។